ព្រះត្រៃបិដក ភាគ ២៣
ពួកភិក្ខុច្រើនរូប ចូលទៅរកអ្នកទាំងឡាយ ហើយបាននិយាយថា ម្នាលលោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ដែរ ម្នាលលោកមានអាយុទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ បានឮថា កាលដែលពួកភិក្ខុ ពោលយ៉ាងនេះហើយ អ្នកទាំងឡាយ បានឆ្លើយតប ទៅនឹងពួកភិក្ខុទាំងនោះ យ៉ាងនេះវិញថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល យើងទាំងនោះ កាលបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ
ID: 636826662764378612
ទៅកាន់ទំព័រ៖