ព្រះត្រៃបិដក ភាគ ២៣
ហើយអាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ទាំងសទ្ធា ក៏បុគ្គលនោះតាំងមាំ មានឫសគល់ ប្រតិស្ឋានខ្ជាប់ខ្ជួន ក្នុងព្រះតថាគត ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធាវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៦] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ធម្មានុសារី តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ
ID: 636826666719624839
ទៅកាន់ទំព័រ៖