ព្រះត្រៃបិដក ភាគ ២៣
ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ នឹងប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខយូរអង្វែង ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តន៍ ដោយអាការស្ងៀម។ ចំណែកខាងពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តន៍ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណរួចហើយ នាំគ្នាចូលទៅកាន់សន្ថាគារសាលាថ្មី លុះចូលទៅដល់ហើយ បាននាំគ្នាចាត់ចែងសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ ហើយក្រាលអាសនៈទាំងឡាយ រួចតំកល់ក្អមទឹកទុក អុជប្រទីបប្រេងរួចហើយ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានចាត់ចែងនូវសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ បានក្រាលអាសនៈទាំងឡាយ បានតំកល់ក្អមទឹកទុក និងអុជប្រទីបប្រេងទុករួចស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលនៃពុទ្ធដំណើរ ក្នុងកាលឥឡូវនេះចុះ។
ID: 636826019820724338
ទៅកាន់ទំព័រ៖