ព្រះត្រៃបិដក ភាគ ២៣
ចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានដូចសេចក្តីប៉ុនប៉ង នូវឈានទាំង៤ប្រការ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន បានដោយមិនលំបាក បានដោយងាយ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានរឭកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅអំពីមុន បានច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលអំពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុ របស់មនុស្សធម្មតា។បេ។ លោកដឹងច្បាស់ នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ
ID: 636826023139574166
ទៅកាន់ទំព័រ៖