ព្រះត្រៃបិដក ភាគ ២៣
បោតលិយសូត្រ ទី៤
[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគម របស់ពួកអង្គុត្តរាបជន ក្នុងអង្គុត្តរាបជនបទ
(១) ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ។ លុះទ្រង់ពុទ្ធដំណើរទៅ ដើម្បីបិណ្ឌបាត ក្នុងអាបណនិគម ហើយត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ទ្រង់យាងសំដៅទៅរកដងព្រៃមួយ លុះយាងទៅដល់ហើយ ក៏ទ្រង់ចូលទៅកាន់ដងព្រៃនោះ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ទ្រង់គង់សម្រាកព្រះអង្គក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ ទើបបោតលិយគហបតី ស្លៀកដណ្តប់សំពត់សមគួរ ប្រដាប់ឆត្រ និងស្បែកជើង ដើរត្រាច់ទៅរឿយៗ ដើម្បីសម្រួលស្មង ហើយដើរសំដៅទៅដងព្រៃនោះ លុះដើរទៅដល់ហើយ ក៏ចូលទៅកាន់ដងព្រៃនោះ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។
(១) អដ្ឋកថា ថា អង្គុត្តរាបជនបទនោះ គឺអង្គជនបទនោះឯង តែបានជាហៅថា ឧត្តរាបៈ ដូច្នេះ ព្រោះនិគមនោះ នៅជិតទឹកទន្លេមហី ដែលបត់ទៅខាងជើង។
ID: 636826024198144712
ទៅកាន់ទំព័រ៖