ព្រះត្រៃបិដក ភាគ ២៣
ពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ ព្រោះសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីលោភលន់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីលោភលន់ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីលោភលន់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីលោភលន់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីលោភលន់ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលមិនមានសេចក្តីលោភលន់បានយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះសេចក្តីលោភលន់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
ID: 636826027011475626
ទៅកាន់ទំព័រ៖