ព្រះត្រៃបិដក ភាគ ២៣
ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ឆ្កែនោះកាលអង្កៀមនូវរាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម នឹងបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ការបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លាននុ៎ះ មិនបានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថារាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម ឯសុនខនោះ ជាសត្វគ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្ត ប៉ុណ្ណោះឯង។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា (ក្នុងបញ្ចកាមគុណ) ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍ មានសភាពផ្សេងគ្នា ហើយចំរើនឧបេក្ខា
(១) ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាពតែមួយ និងឧបេក្ខា
(២) ជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
(១)-(២) បានដល់ឧបេក្ខា ក្នុងចតុត្ថជ្ឈាន។
ID: 636826028795217650
ទៅកាន់ទំព័រ៖