ព្រះត្រៃបិដក ភាគ ២៣
[៥៨] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការ
(១) ទាំងពួង។ គហបតី ឬគហបតីបុត្ត ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃគហបតី ឬគហបតីបុត្តនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលហើយ។ ឯគហបតី ឬគហបតីបុត្តនោះ ក៏អង្គាសភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះមិនមានសេចក្តីត្រិះរិះយ៉ាងនេះថា គហបតី ឬគហបតីបុត្តនេះ អង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃណាស់ហ្ន៎
(១) ដោយសភាពនៃចិត្ត ដែលប្រព្រឹត្តទៅ ក្នុងសត្វទាំងពួង ដែលផ្សេងគ្នា មានសត្វថោកទាប យ៉ាងកណ្តាល និងឧក្រិដ្ឋ សត្វជាមិត្ត ជាសត្រូវ និងយ៉ាងកណ្តាលជាដើម។
ID: 636826032579834118
ទៅកាន់ទំព័រ៖