ព្រះត្រៃបិដក ភាគ ២៣
សម្លាប់សត្វនេះដោយឋានៈណា បុគ្គលនោះ តែងសោយនូវបាបច្រើន ដោយឋានៈនេះជាគំរប់៣ សត្វនោះ កាលដែលគេកំពុងសម្លាប់ ក៏ទទួលនូវទុក្ខ ទោមនស្ស ដោយឋានៈណា បុគ្គលតែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៤ បុគ្គលនោះ ធ្វើឲ្យគេតិះដៀលតថាគត ឬសាវ័ករបស់តថាគត ដោយអកប្បិយមំសៈ (សាច់មិនសមគួរ) ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៥ ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈទាំង៥យ៉ាងនេះឯង។
[៦១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបជីវកកោមារភត្យ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារជាកប្បិយៈហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ ដែលមិនមានទោសហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់
ID: 636826033852646918
ទៅកាន់ទំព័រ៖