ព្រះត្រៃបិដក ភាគ ២៣
[៧] កាលដែលបេស្សហត្ថារោហបុត្រ ចេញទៅមិនទាន់បានយូរប៉ុន្មាន ខាងក្រោយនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបេស្សហត្ថារោហបុត្រ អង្គុយនៅមួយស្របក់ទៀត ទំរាំតថាគតនឹងចែកនូវបុគ្គលទាំង៤ពួកនេះ ដោយពិស្តារសិន គាត់មុខជានឹងបានសម្រេចប្រយោជន៍ច្រើន (ដល់សោតាបត្តិផល) ម្នាលភិក្ខុទាំងឡាយ តែបើទុកជាដូច្នោះ បេស្សហត្ថារោហបុត្រ ក៏គង់តែបានប្រកបដោយប្រយោជន៍
(១)ច្រើន ត្រឹមហេតុប៉ុណ្ណោះដែរ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីចែកបុគ្គល៤ពួកនេះ ដោយសេចក្តីពិស្តារ ដោយភាសិតណា បពិត្រព្រះមានព្រះភាគ នេះជាកាលគួរ ដល់ភាសិតនុ៎ះ បពិត្រព្រះសុគត នេះជាកាលគួរ ដល់ភាសិតនុ៎ះ ពួកភិក្ខុបើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគ ដោយពិស្តារហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ។
(១) គឺបានសេចក្តីជ្រះថ្លា ក្នុងភិក្ខុសង្ឃផង កើតសេចក្តីយល់ជាថ្មីឡើងទៀត ក្នុងការចំរើនសតិប្បដ្ឋានផង។ អដ្ឋកថា។
ID: 636826011642966597
ទៅកាន់ទំព័រ៖