ព្រះត្រៃបិដក ភាគ ២៣
[៨២] កាលដែលនិគន្ថនាដបុត្តពោលយ៉ាងនេះហើយ ឧបាលិគហបតី ក៏ក្រោកចាកអាសនៈ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណមអញ្ជលីឆ្ពោះទៅរកព្រះមានព្រះភាគ ហើយនិយាយដូច្នេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន បើដូច្នោះ លោកចូរស្តាប់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគណា ដែលមានប្រាជ្ញាខ្ជាប់ខ្ជួន មានមោហៈទៅប្រាសហើយ មានបង្គោលបាក់បែកហើយ បានឈ្នះមារ
(១)ហើយ ឥតមានសេចក្តីទុក្ខ
(២) មានព្រះទ័យស្មើល្អ មានសីលដ៏ចំរើន មានប្រាជ្ញាល្អ បានឆ្លងនូវវិសមធម៌
(៣) ប្រាសចាកមន្ទិល ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គឥតមានសេចក្តីសង្ស័យ មានព្រះទ័យស្រស់ស្រាយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ មានព្រះទ័យរីករាយ មានសមណធម៌ធ្វើស្រេចហើយ ជាមនុស្សមានសរីរៈតាំងនៅក្នុងទីបំផុត ជានរជាត រកបុគ្គលប្រៀបគ្មាន ប្រាសចាកធូលី គឺកិលេស ខ្ញុំជាសាវ័ក របស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ឥតមានសេចក្តីសង្ស័យ ជាអ្នកឈ្លាសវៃ ព្រះអង្គជាអ្នកដឹកនាំសត្វ ជាសារថីដ៏ប្រសើរ ជាបុគ្គលប្រសើរ រកអ្នកណាស្មើគ្មាន មានធម៌ដ៏រុងរឿង ឥតមានកង្ខា ជាអ្នកធ្វើពន្លឺ ផ្តាច់បង់នូវមានះហើយ
(១) សំដៅយកមច្ចុមារ កិលេសមារ ទេវបុត្តមារ។ (២) សំដៅយកកិលេសទុក្ខ និងវិបាកទុក្ខ។ (៣) សំដៅយករាគាទិក្កិលេស។
ID: 636826425536739967
ទៅកាន់ទំព័រ៖