ព្រះត្រៃបិដក ភាគ ២៣
។បេ។ បុណ្យមិនមាន ដោយការឲ្យទាន ដោយការទូន្មានឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈទេ បុណ្យមិនមកឲ្យផលឡើយ។ ហេតុនេះមានប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវកុសលធម៌៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទានប្រព្រឹត្តនូវអកុសលធម៌៣នេះ គឺកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើននោះ មិនឃើញនូវទោសរបស់អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង មិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ សេចក្តីយល់ឃើញអំពើ ដែលមានពិតមែន របស់បុគ្គលនោះថា អំពើ មិនមានដូច្នេះ សេចក្តីយល់ឃើញរបស់បុគ្គលនោះ ឈ្មោះថាមិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមិនមាន ដូច្នេះ សេចក្តីត្រិះរិះរបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែលមានមែនពិតថា អំពើមិនមានវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។
ID: 636826598341623841
ទៅកាន់ទំព័រ៖