ព្រះត្រៃបិដក ភាគ ២៣
បរិសុទ្ធ មានពិតមែន សត្វទាំងឡាយ តែងបរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងមាន សេចក្តីព្យាយាមមាន កំឡាំងរបស់បុរសមាន សេចក្តីសង្វាតនៃបុរសមាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួលដោយនិយតិ សង្គតិ និងភាវៈ ឋិតនៅក្នុងអភិជាតិទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនោះ ក៏ប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់អកុសល៣នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តកុសលធម៌៣នេះ គឺកាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោសនៃអកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវហេតុ ដែលមានពិតមែនថា ហេតុ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះហេតុ ដែលមានពិតមែនថា ហេតុមានពិតមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។
ID: 636826603084985146
ទៅកាន់ទំព័រ៖