ព្រះត្រៃបិដក ភាគ ២៣
ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។
ID: 636826613041314615
ទៅកាន់ទំព័រ៖