ព្រះត្រៃបិដក ភាគ ២៣
ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
ID: 636826615304214046
ទៅកាន់ទំព័រ៖