ព្រះត្រៃបិដក ភាគ ២៣
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល
ID: 636826615881147044
ទៅកាន់ទំព័រ៖