ព្រះត្រៃបិដក ភាគ ២៣
រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ខាងក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈានហើយ តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតីនៅជាសុខ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះរលត់នូវសោមនស្ស និងទោមនស្ស អំពីកាលមុនផង លោកក៏ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខា។
[១៥] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកឃើញបាន១ជាតិ
ID: 636826015441863882
ទៅកាន់ទំព័រ៖