ព្រះត្រៃបិដក ភាគ ២៣
ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាទុក្ខ ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាហេតុប្រជុំកើតឡើងនៃទុក្ខ តថាគតតែងសំដែងថា នេះជាគ្រឿងរលត់ទុក្ខ តថាគតតែងសំដែងថា នេះជាសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលមាលុង្ក្យបុត្រ ហេតុដូចម្តេច បានជាតថាគត សំដែងពាក្យនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះថា ពាក្យនុ៎ះ ប្រកបដោយប្រយោជន៍ ពាក្យនុ៎ះ ជាខាងដើមនៃព្រហ្មចរិយធម៌ ពាក្យនុ៎ះប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតសំដែងពាក្យនោះ។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តី ដែលតថាគត មិនបានសំដែងហើយ តាមសេចក្តីដែលតថាគតមិនបានសំដែងហើយផង ចូរចាំទុកនូវសេចក្តី ដែលតថាគត បានសំដែងហើយ តាមសេចក្តីដែលតថាគតបានសំដែងហើយផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ចូឡមាលុង្ក្យោវាទសូត្រ ទី៣។
ID: 636826621356190199
ទៅកាន់ទំព័រ៖