ព្រះត្រៃបិដក ភាគ ២៣
ជាអ្នកមានសេចក្តីខ្វល់ខ្វាយ ជាអ្នកសម្លបរោម ចិញ្ចឹមជីវិត ដោយចតុប្បច្ច័យ ដែលអ្នកដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ
(១) ម្នាលឧទាយី ភិក្ខុនោះឈ្មោះថា មានចំណងមិនមានកំឡាំង មានចំណងខ្សោយ មានចំណងផុយ មានចំណងឥតខ្លឹម។ ម្នាលឧទាយី ដូចដំរីរបស់ព្រះរាជា ដែលមានភ្លុក ង ទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម គេចងដោយចំណងយ៉ាងមាំ ក៏ទំរោមកាយបន្តិច ហើយកាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញទៅ តាមប្រាថ្នា ម្នាលឧទាយី បុគ្គលណា ពោលយ៉ាងនេះថា ដំរីរបស់ព្រះរាជានោះ ជាដំរីមានភ្លុក ងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះកាន់សង្គ្រាម គេចងដោយចំណងព្រ័ត្រ ដ៏មាំណា ក៏ទំរោមកាយបន្តិចហើយ កាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញទៅតាមប្រាថ្នា ដំរីនោះ ឈ្មោះថា មានចំណងមានកំឡាំង មានចំណងមាំ មានចំណងខ្ជាប់ខ្ជួន មានចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។
(១) ម្រឹគដែលត្រូវគេពាធាហើយ មិនមានបំណងនឹងមកឲ្យគេព្យាបាលវិញ តែងចូលទៅរកព្រៃរក្សារបួសដោយខ្លួនឯង។ អដ្ឋកថា។
ID: 636826639062592947
ទៅកាន់ទំព័រ៖