ព្រះត្រៃបិដក ភាគ ២៣
[១៨៩] លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បានប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ អ្នកទាំងឡាយ ចូរក្រោក កាន់បាត្រ និងចីវរឡើង ដ្បិតសក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម បានសម្រួលព្រះទ័យព្រះមានព្រះភាគ ដោយពាក្យប្រៀបធៀប នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ ហើយក៏ក្រោកចាកអាសនៈ កាន់យកបាត្រ ចីវរហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ កាលដែលព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលសារីបុត្ត កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញហើយ តើអ្នកមានគំនិតដូចម្តេច។ ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញហើយ ខ្ញុំព្រះអង្គ មានគំនិតយ៉ាងនេះថា សូមព្រះមានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ សូម្បីខ្ញុំព្រះអង្គ
ID: 636826646546721015
ទៅកាន់ទំព័រ៖