ព្រះត្រៃបិដក ភាគ ២៣

ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ថា​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​អ្នក​ទាំងឡាយ​ត្រេកអរ​ហើយ​ ​ក្នុង​ព្រហ្មចរិយៈ​ខ្លះ​ដែរ​ឬទេ​។​ ​ឱ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ ​ក្នុង​ព្រហ្មចរិយៈ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​អ្នក​ទាំងឡាយ​ត្រេកអរ​ហើយ​ ​ក្នុង​ព្រហ្មចរិយៈ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះឯង​ ​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​ជា​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​សទ្ធា​ហើយ​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ព្រោះថា​អ្នក​ទាំងឡាយ​ ​ប្រកបដោយ​វ័យ​ជាដំបូង​ ​ជា​កំឡោះ​ដ៏​ចំរើន​ ​មាន​សក់ខ្មៅ​ស្រិល​ ​គួរ​នឹង​បរិភោគ​កាម​ទាំងឡាយ​ ​ព្រោះ​ហេតុ​ណា​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​កំពុង​ប្រកបដោយ​វ័យ​ជាដំបូង​ ​ជា​កំឡោះ​ដ៏​ចំរើន​ ​មាន​សក់ខ្មៅ​ស្រិល​ ​ក៏​ឆ្លៀត​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​បាន​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​មួយវិញទៀត​ ​អ្នក​ទាំងឡាយ​នោះ​ ​មិនមែន​ព្រះរាជា​ទ្រង់​គុំគួន​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ទេ​ ​មិនមែន​ចោរ​គុំគួន​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ទេ​ ​មិនមែន​ចំពាក់បំណុល​គេ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ទេ​ ​មិនមែន​មានរឿង​ក្តី​ ​ហើយ​ភ័យ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ទេ​ ​មិន​វិបត្តិ​ដោយ​ចិញ្ចឹមជីវិត​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ទេ
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636826650768602493
ទៅកាន់ទំព័រ៖