ព្រះត្រៃបិដក ភាគ ២៣
មានមនុស្សអាក្រក់ជាមិត្រ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកប្រដៅងាយ មានមនុស្សល្អជាមិត្រ។
[២១១] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ ជាអ្នកមិនមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។
ID: 636826658156825075
ទៅកាន់ទំព័រ៖