ព្រះត្រៃបិដក ភាគ ២៣
កាលបើចងចាំធម៌ (នោះ) ហើយ ទើបពិចារណារកសេចក្តី លុះពិចារណារកសេចក្តី នៃធម៌នោះហើយ ធម៌ទាំងឡាយ តែងគួរដល់កិរិយាលៃលកមើល កាលបើមានការលៃលកមើលហើយ ឆន្ទៈក៏កើតឡើង បុគ្គលនោះ លុះមានឆន្ទៈកើតហើយ ទើបព្យាយាម លុះព្យាយាមហើយ រមែងស្ទង់មើល លុះស្ទង់មើលហើយ រមែងតំកល់ទុក មានចិត្តបញ្ជូនទៅ (កាន់ព្រះនិព្វាន) ធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ច ដោយនាមកាយ ទាំងបានចាក់ធ្លុះឃើញច្បាស់ នូវបរមសច្ចនោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ បើសទ្ធានោះ មិនមានហើយ ម្នាលភិក្ខុទាំងឡាយ ការចូលទៅរកនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចូលទៅអង្គុយជិតនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការផ្អៀងចុះ នូវសោតបសាទនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការស្តាប់ធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចងចាំធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការពិចារណាសេចក្តីនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការសំឡឹងនូវធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ឆន្ទៈនោះ ក៏មិនមាន
ID: 636826667811787307
ទៅកាន់ទំព័រ៖