ព្រះត្រៃបិដក ភាគ ២៣
[៣៧] លុះបោតលិយគហបតិ នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏នៅស្ងៀម ដោយខឹងអន់ចិត្តថា ព្រះសមណគោតមហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់ពីរដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ បោតលិយគហបតិ ក៏នៅស្ងៀម ជាគំរប់ពីរដង ដោយខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់បីដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏ខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី ហើយក៏ពោលពាក្យដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គហៅខ្ញុំដោយពាក្យថា គហបតីណា ពាក្យនុ៎ះមិនសមគួរឡើយ ពាក្យនុ៎ះមិនសុភាពឡើយ។
ID: 636826024487511263
ទៅកាន់ទំព័រ៖