ព្រះត្រៃបិដក ភាគ ២៣
មិនមានដល់បុគ្គលនោះ ដែលវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលគួរអាស្រ័យការកាន់យកតែទ្រព្យ ដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤១] ត្រង់ពាក្យថា បុគ្គលគួរអាស្រ័យពាក្យពិត ទើបលះបង់ការកុហកចេញ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះឯង ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ពោលពាក្យកុហក ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកពោលពាក្យកុហកហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុពោលពាក្យកុហក ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពោលពាក្យកុហក លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុពោលពាក្យកុហក
ID: 636826026219910351
ទៅកាន់ទំព័រ៖