ព្រះត្រៃបិដក ភាគ ២៣
ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យហេតុហ្នឹងឯង។
[៥៩] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង។ គហបតី ឬគហបតិបុត្ត ក៏ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ
ID: 636826033104654136
ទៅកាន់ទំព័រ៖