ព្រះត្រៃបិដក ភាគ ២៣
បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ បើសមណគោតម នឹងតាំងពាក្យឲ្យនៅនឹងដូចដែល ចំពោះខ្ញុំ ដូចកាលដែលតបស្សីដ៏ចំរើន ឲ្យតាំងនៅដូច្នោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ត្រង់រោម ហើយទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកធ្វើការងារក្នុងផ្ទះសុរា ដាក់ចុះកន្ទេលសម្រាប់ដាក់នូវម្សៅ ក្នុងផ្ទះធ្វើសុរា ក្នុងអន្លង់ទឹកជ្រៅ ហើយចាប់ត្រង់ជាយ ទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោះចោល នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ ផ្កាប់ចុះ ផ្ងារឡើង បោះចោល ដូច្នោះឯង
ID: 636826036596683868
ទៅកាន់ទំព័រ៖