ព្រះត្រៃបិដក ភាគ ២៤
[៧៨] បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា គ្រូឈ្មោះបូរណកស្សបនេះឯង មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើន សន្មតហើយថា ជាអ្នកត្រឹមត្រូវ (ក៏ពិតមែន តែ) បូរណកស្សបនោះឯង ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ទាំងពួកសាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងបូរណកស្សបឡើយ។ ព្រោះធ្លាប់មានរឿងថា បូរណកស្សប បានតែសំដែងធម៌ដល់បរិស័ទច្រើនរយ។ បណ្តាសាវ័កទាំងនោះ មានសាវ័កម្នាក់របស់បូរណកស្សប បានស្រែកឡើងថា ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កុំសួរសេចក្តីនុ៎ះ នឹងបូរណកស្សបឡើយ បូរណកស្សបនោះ មិនដឹងសេចក្តីនុ៎ះទេ ពួកយើងទើបដឹងសេចក្តីនុ៎ះ អ្នកទាំងឡាយ សួរសេចក្តីនុ៎ះនឹងយើងហើយ ពួកយើងនឹងព្យាករសេចក្តីនុ៎ះ ដល់ពួកអ្នកដ៏ចំរើនបាន។ ធ្លាប់មានរឿងថា បូរណកស្សប ផ្គងនូវដើមដៃទាំងឡាយ កន្ទក់កន្ទេញ ហើយមិនបានពាក្យសំដីថា អ្នកដ៏ចំរើនទាំងឡាយ ចូរមានសំឡេងតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំស្រែកខ្លាំងឡើយ ពួកជនទាំងនុ៎ះ មិនសួរនូវអ្នកដ៏ចំរើនទាំងឡាយទេ ពួកជនទាំងនុ៎ះ សួរតែយើងទេ យើងនឹងព្យាករដល់ពួកជនទាំងនោះបាន។
ID: 636830183526384680
ទៅកាន់ទំព័រ៖