ព្រះត្រៃបិដក ភាគ ២៤
ពួកជនទាំងនុ៎ះ សួរតែយើងទេតើ យើងនឹងព្យាករ ដល់ពួកជនទាំងនោះបាន។ ចំណែកខាងពួកសាវ័កជាច្រើន របស់និគន្ថនាដបុត្ត លើកឡើងនូវវាទៈ ហើយចៀសចេញទៅ ដោយពាក្យថា អ្នកមិនចេះ មិនដឹងធម៌វិន័យនេះទេ ខ្ញុំទើបចេះដឹងធម៌វិន័យនេះ អ្នកចេះដឹងធម៌វិន័យនេះ ដូចម្តេចកើត អ្នកប្រតិបត្តិខុសហើយ ខ្ញុំទើបប្រតិបត្តិត្រូវ សំដីខ្ញុំប្រកបដោយប្រយោជន៍ សំដីអ្នក មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកត្រឡប់ជានិយាយក្រោយ ពាក្យដែលគេនិយាយក្រោយ អ្នកបែរជានិយាយមុន អ្នកប្រកាន់តែវត្តខុសមកច្រើនហើយ ខ្ញុំលើកវាទៈដល់អ្នកហើយ អ្នកត្រូវយើងសង្កត់សង្កិនហើយ ចូរអ្នកទៅរកដោះវាទៈចុះ ឬថា បើអ្នកល្មមដោះរួច ចូរដោះមកចុះ។ និគន្ថនាដបុត្ត ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ទាំងពួកសាវ័ក មិនធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងនិគន្ថនាដបុត្តឡើយ ដោយប្រការដូច្នេះឯង មួយទៀត និគន្ថនាដបុត្ត ក៏ត្រូវគេជេរ ដោយពាក្យជេរប្រកបដោយធម៌។
ID: 636830184308519415
ទៅកាន់ទំព័រ៖