ព្រះត្រៃបិដក ភាគ ២៤
ព្រោះថា ពួកយើងបានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃយ៉ាងនេះ ហើយមិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធ បរិបូណ៌ ដរាបដល់អស់ជីវិតបាន។ ពួកសាវ័កទាំងនោះ គង់ទៅជាអ្នកថែរក្សាវត្ត ឬជាឧបាសកប្រព្រឹត្តសមាទានក្នុងសិក្ខាបទ៥។ ព្រះសមណគោតម ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងព្រះសមណគោតមថែមទៀត ដោយប្រការដូច្នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧទាយិ ចុះអ្នកពិចារណាឃើញ នូវធម៌ក្នុងតថាគត ប៉ុន្មានយ៉ាង ដែលជាធម៌នាំឲ្យពួកសាវ័ករបស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា (តថាគត) លុះធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យ (នឹងតថាគត)។
[៨០] សកុលុទាយិបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ ក្នុងព្រះមានព្រះភាគមាន៥ប្រការ ដែលជាធម៌នាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា នូវព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងព្រះមានព្រះភាគ) ធម៌៥ប្រការ តើដូចម្តេច
ID: 636830185132956571
ទៅកាន់ទំព័រ៖