ព្រះត្រៃបិដក ភាគ ២៤
លុះសួរហើយ តថាគត ក៏ដោះស្រាយ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដល់ពួកសាវ័កទាំងនោះ តថាគត ធ្វើចិត្តរបស់សាវ័កទាំងនោះ ឲ្យត្រេកអរបាន ដោយការដោះស្រាយ នូវប្រស្នា ណា។ ម្នាលឧទាយិ នេះឯងជាធម៌ទី៤ ដែលនាំឲ្យពួកសាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។
[៩៤] ម្នាលឧទាយិ មួយវិញទៀត តថាគតបានសំដែងបដិបទា ដល់ពួកសាវ័ក ដែលជាហេតុឲ្យពួកសាវ័ករបស់តថាគត បានប្រតិបត្តិហើយ ចំរើននូវសតិប្បដ្ឋានទាំង៤ប្រការ។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ពិចារណា នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី... ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី... ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ក៏ពួកសាវ័ករបស់តថាគតជាច្រើន បានដល់ហើយ នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសតិប្បដ្ឋានធម៌នេះ។
ID: 636830189971873341
ទៅកាន់ទំព័រ៖