ព្រះត្រៃបិដក ភាគ ២៤
នេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមទៅកាន់សេចក្តីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវីរិយសម្ពោជ្ឈង្គ... ចំរើននូវបីតិសម្ពោជ្ឈង្គ... ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ... ចំរើននូវសមាធិសម្ពោជ្ឈង្គ... ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមទៅកាន់សេចក្តីលះបង់។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសម្ពោជ្ឈង្គធម៌ទាំង៧នោះ។
[១០០] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើននូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ចំរើននូវសម្មាសង្កប្បៈ ចំរើននូវសម្មាវាចា ចំរើននូវសម្មាកម្មន្តៈ ចំរើននូវសម្មាអាជីវៈ ចំរើននូវសម្មាវាយាមៈ ចំរើននូវសម្មាសតិ ចំរើននូវសម្មាសមាធិ។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរនោះ។
ID: 636830191351672261
ទៅកាន់ទំព័រ៖