ព្រះត្រៃបិដក ភាគ ២៤
ជាកាយសម្រេចអំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនវិកលខូចខាត។ ដូចបុរសដកហូតបណ្តូលស្មៅយាប្លង ចេញអំពីដើមស្មៅនោះ បុរសនោះ ក៏យល់ច្បាស់យ៉ាងនេះថា នេះជាបណ្តូល នេះជាស្មៅយាប្លង ស្មៅយាប្លងផ្សេង បណ្តូលផ្សេង នេះជាបណ្តូលដែលអញដកចេញអំពីស្មៅយាប្លងនេះឯង ម្នាលឧទាយិ ពុំនោះសោត ដូចជាបុរសហូតដាវចេញអំពីស្រោម បុរសនោះ ក៏យល់ច្បាស់យ៉ាងនេះថា នេះដាវ នេះស្រោម ដាវផ្សេង ស្រោមផ្សេង នេះជាដាវ ដែលអញហូតចេញអំពីស្រោមនេះឯង ម្នាលឧទាយិ ពុំនោះសោត ដូចបុរសដកពស់ ចេញអំពីស្រោម បុរសក៏យល់ច្បាស់យ៉ាងនេះថា នេះពស់ នេះស្រោម ពស់ផ្សេង ស្រោមផ្សេង នេះពស់ដែលអញហូតចេញអំពីស្រោមនេះឯង សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយនិម្មិតកាយដទៃ ចេញអំពីកាយនេះ ឲ្យជាកាយមានរូប ជាកាយសម្រេចអំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនវិកលខូចខាត មានឧបមេយ្យ ដូច្នោះឯង។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។
ID: 636830196284664412
ទៅកាន់ទំព័រ៖