ព្រះត្រៃបិដក ភាគ ២៤
យកដៃទៅស្ទាបអង្អែលនូវព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំ យ៉ាងនេះក៏បាន ញុំាងអំណាច ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកទាំងកាយក៏បាន មានឧបមេយ្យដូច្នោះឯង។ ពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។
[១១១] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ ទាំងសំឡេងទិព្វ ទាំងសំឡេងមនុស្ស ទាំងឆ្ងាយ ទាំងជិត។ ម្នាលឧទាយិ ដូចបុរសអ្នកផ្លុំស័ង្ខ មានកំឡាំងអាចញុំាងសំឡេងស័ង្ខ ឲ្យលាន់ឮទៅក្នុងទិសទាំង៤ ឲ្យអ្នកផងដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ ទាំងសំឡេងទិព្វ ទាំងសំឡេងមនុស្ស ទាំងឆ្ងាយ ទាំងជិត ក៏យ៉ាងនោះដែរ។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។
ID: 636830197318173525
ទៅកាន់ទំព័រ៖