ព្រះត្រៃបិដក ភាគ ២៤
ឋានទៅ និយាយអំពីគ្រឿងផ្សេងៗ ដែលឥតប្រយោជន៍ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ បានឃើញបញ្ចកង្គៈ នាយជាងឈើមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់បរិស័ទរបស់ខ្លួនថា ចូរអ្នកដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ ចូរអ្នកដ៏ចំរើនទាំងឡាយ កុំមាត់ឡើយ ដ្បិតបញ្ចកង្គៈ នាយជាងឈើ ជាសាវ័ក របស់ព្រះសមណគោតមមក ពួកសាវ័ក របស់ព្រះសមណគោតម ជាគ្រហស្ថ ស្លៀកដណ្តប់សំពត់ស អាស្រ័យនៅក្នុងក្រុងសាវត្ថី ទាំងប៉ុន្មាន បណ្តាសាវ័កទាំងនោះ បញ្ចកង្គៈ នាយជាងឈើនេះ ក៏ជាសាវ័កមួយដែរ លោកដ៏មានអាយុទាំងនោះ សុទ្ធតែជាអ្នកត្រូវការសំឡេងតិច ដ្បិតព្រះសមណគោតម ទូន្មាន ឲ្យជាអ្នកមានសំឡេងតិច ពោលសរសើរសំឡេងតិច យើងធ្វើដូចម្តេច ឲ្យតែគេដឹងច្បាស់ថា បរិស័ទមានសំឡេងតិច ហើយសំគាល់ថាគួរចូលមក។ បរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ បញ្ចកង្គៈ នាយជាងឈើ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ លុះចូលទៅដល់ហើយ
ID: 636830200741549331
ទៅកាន់ទំព័រ៖