ព្រះត្រៃបិដក ភាគ ២៤
លុះមិនបានត្រេកអរ មិនបានឃាត់ហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ដោយមានគំនិតថា អាត្មាអញ នឹងដឹងនូវសេចក្តី នៃភាសិតនេះច្បាស់លាស់ ក្នុងសំណាក់ព្រះមានព្រះភាគ។ បញ្ចកង្គៈ នាយជាងឈើ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គៈ នាយជាងឈើ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ តាមពាក្យចរចាទាំងប៉ុន្មាន ដែលបាននិយាយ ជាមួយនឹងឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ដោយសព្វគ្រប់។
[១២០] កាលបញ្ចកង្គៈនាយជាងឈើ និយាយយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបញ្ចកង្គៈ នាយជាងឈើ ដូច្នេះថា ម្នាលនាយជាងឈើ បើដូចពាក្យដែលឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ និយាយយ៉ាងនោះមែន កូនក្មេងតូចខ្ចី ដេកផ្ងារ (មិនទាន់ចេះក្រឡាប់នៅឡើយ) ក៏ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រដែរ។ ម្នាលនាយជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានកាយ ក៏បាន
ID: 636830201459650404
ទៅកាន់ទំព័រ៖