ព្រះត្រៃបិដក ភាគ ២៤
សង្កប្បៈទាំងឡាយ ជាអកុសល ក្នុងលោកនេះ រលត់ឥតសេសសល់ ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាអកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។ នេះពួកសង្កប្បៈជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គល ត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈទាំងឡាយ ជាកុសល កើតមកអំពីកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់ឥតសេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយ ជាកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។
[១២៣] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាអកុសល តើដូចម្តេច។ កាយកម្ម ជាអកុសល វចីកម្ម ជាអកុសល អាជីវៈជាបាប ម្នាលនាយជាងឈើ នេះ តថាគត ហៅថា សីលជាអកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំងនេះ តើមានអ្វី ជាសមុដ្ឋាន។
ID: 636830202654938771
ទៅកាន់ទំព័រ៖