ព្រះត្រៃបិដក ភាគ ២៤
ឆន្ទៈឲ្យកើតឡើង ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសល ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើតឡើង ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាសទៅវិញ ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាអកុសល។
[១២៤] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាកុសល តើដូចម្តេច។ ម្នាលនាយជាងឈើ តថាគត ពោលនូវកាយកម្ម ជាកុសល វចីកម្ម ជាកុសល ទាំងអាជីវបារិសុទ្ធិផង ថាជាសីល ម្នាលនាយជាងឈើ ទាំងនេះហៅថា សីលជាកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាកុសលទាំងនេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សីលជាកុសលទាំងនោះ បានពោលរួចហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែបមិនតែមួយ មានប្រការផ្សេងៗ គឺចិត្តប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ
ID: 636830203292065212
ទៅកាន់ទំព័រ៖