ព្រះត្រៃបិដក ភាគ ២៤
សីលជាកុសល កើតអំពីចិត្តនេះ។ ម្នាលនាយជាងឈើ ចុះសីល ជាកុសលទាំងនេះ រលត់ឥតសេសសល់ ក្នុងទីណា។ ការរលត់របស់សីលទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ប៉ុន្តែមិនទាន់សម្រេចត្រឹមសីលប៉ុណ្ណោះទេ រមែងដឹងច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះផង តាមសេចក្តីពិតថា សីលជាកុសលទាំងនោះ របស់ភិក្ខុនោះ រមែងរលត់ឥតសេសសល់ ក្នុងអរហត្តផល។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិយ៉ាងណា ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ពួកធម៌ជាអកុសលដ៏លាមក ដែលកើតឡើងហើយ។បេ។ ដើម្បីញុំាងពួកធម៌ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាកុសល។
ID: 636830203546669775
ទៅកាន់ទំព័រ៖