ព្រះត្រៃបិដក ភាគ ២៤
ហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ។បេ។ ដើម្បីញុំាងធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាសទៅវិញ ឲ្យរឹងរឹតតែធំទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាអកុសល។
[១២៦] ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសល តើដូចម្តេច។ នេក្ខម្មសង្កប្បៈ១ អព្យាបាទសង្កប្បៈ១ អវិហឹសាសង្កប្បៈ១ ម្នាលនាយជាងឈើ ទាំងនេះហៅថា សង្កប្បៈជាកុសល។ ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសលនេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋានរបស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ គួរពោលថា មានសញ្ញាជាសមុដ្ឋាន។ ចុះសញ្ញាដូចម្តេច។ សញ្ញាមានច្រើន មានបែប
ID: 636830216919824675
ទៅកាន់ទំព័រ៖