ព្រះត្រៃបិដក ភាគ ២៤
[១២៩] សម័យនោះឯង សកុលុទាយិបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជកបរិស័ទច្រើននាក់ ដែលកំពុងបន្លឺសំឡេងខ្ពស់ សំឡេងខ្លាំង និយាយតិរច្ឆានកថាជាច្រើនប្រការ គឺ និយាយអំពីស្តេច។បេ។ និយាយអំពីសេចក្តីវិនាស និងសេចក្តីចំរើន ដែលជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ សកុលុទាយិបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់បរិស័ទរបស់ខ្លួនថា ចូរអ្នកដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ ចូរអ្នកដ៏ចំរើនទាំងឡាយ កុំមាត់អ្វីឡើយ ដ្បិតព្រះសមណគោតមនេះ និមន្តមក ឯព្រះសមណគោតម មានអាយុនោះ ជាអ្នកត្រូវការតែនឹងសំឡេងតិច ពោលសរសើរសំឡេងតិច ធ្វើដូចម្តេច ឲ្យតែលោកដឹងថា បរិស័ទមានសំឡេងតិច ហើយសំគាល់ថា គួរចូលមក។ ពួកបរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅរក សកុលុទាយិបរិព្វាជក ។ សកុលុទាយិបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ស្តេចមកចុះ បពិត្រព្រះអង្គដ៏ចំរើន ដំណើរស្តេចមក នៃព្រះមានព្រះភាគ ជាការប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានបម្រុងនឹងធ្វើដំណើរមក ក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គ
ID: 636830218321344838
ទៅកាន់ទំព័រ៖