ព្រះត្រៃបិដក ភាគ ២៤

អ្នក​ស្គាល់​នាង​ជនបទ​កល្យាណី​នោះ​ថា​ ​មាន​ជាតិ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​។​បេ​។​ ​ខ្ពស់​ឬ​ទាប​ ​ឬ​កណ្តាល​ ​សម្បុរ​ខ្មៅ​ ​ឬ​ខ្មៅស្រអែម​ ​ឬ​សម្បុរ​សណ្តែកបាយ​ ​នៅក្នុង​ស្រុក​ ​និគម​ ​និង​នគរ​ឯណោះ​ ​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​ដែលគេ​សួរ​ដូច្នេះ​ ​ក៏​ឆ្លើយតប​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​មិនដែល​ស្គាល់​ ​មិនដែល​ឃើញ​ ​នាង​ជនបទ​កល្យាណី​ណា​សោះ​ ​ហើយ​ស្រាប់តែ​ប្រាថ្នា​ ​ចង់បាន​នាង​នោះ​ឬ​។​ ​បុរស​នោះ​ ​ដែល​អ្នកផង​សួរ​ដូច្នេះ​ ​ក៏​ឆ្លើយតប​ថា​ ​បាទ​។​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​យ៉ាងនេះ​ ​ពាក្យ​របស់​បុរស​នោះ​ ​ក្រែង​យកជាការ​មិនបានទេ​ដឹង​។​ ​សកុលុ​ទាយិក្រាប​បង្គំ​ទូល​ថា​ ​ពិតមែនហើយ​ព្រះអង្គ​ ​កាលបើ​យ៉ាងនេះ​ ​ពាក្យ​របស់​បុរស​នោះ​ ​យកជាការ​ពុំ​បានទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នក​និយាយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ដទៃ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ទើប​ជា​ពន្លឺ​ដ៏​ឧត្តម​ ​ដូច្នេះ​ផង​ ​ទាំង​មិនកំណត់​ ​នូវ​ពន្លឺ​នោះ​ផង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636830220591614690
ទៅកាន់ទំព័រ៖