ព្រះត្រៃបិដក ភាគ ២៤
គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវភាវៈមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ។បេ។ នេះជាទីរំលត់ទុក្ខ ដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាអាសវៈ។បេ។ នេះជាហេតុ ឲ្យកើតអាសវៈ។បេ។ នេះជាទីរំលត់អាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរមែងរួចស្រឡះ ចាកកាមាសវៈ ចិត្តរមែងរួចស្រឡះ ចាកភវាសវៈ ចិត្តរមែងរួចស្រឡះចាកអវិជ្ជាសវៈ កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង ទាំងនេះឯង។
ID: 636830224483827312
ទៅកាន់ទំព័រ៖