ព្រះត្រៃបិដក ភាគ ២៤
វេខណសសូត្រ ទី១០
[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង វេខណសបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។
[១៥១] លុះវេខណសបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក៏បន្លឺនូវឧទានវាចា ក្នុងសំណាក់ព្រះមានព្រះភាគថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះ ថ្លៃថ្លាណាស់។ ព្រះអង្គត្រាស់សួរថា ម្នាកច្ចានៈ
(១) ចុះហេតុអ្វីបានជាអ្នកនិយាយយ៉ាងនេះថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះថ្លៃថ្លាណាស់ ចុះពន្លឺដូចម្តេច ដែលថ្លៃថ្លា។ វេខណសបរិព្វាជក ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀតភ្លឺលើសលុបជាង ឬប្រសើរជាងគ្មាន ពន្លឺនោះ ឈ្មោះថា ពន្លឺថ្លៃថ្លា។
(១) ហៅតាមគោត្រ របស់បរិព្វាជកនោះ។ កច្ចានៈ ប្រែថា ជនជាពូជពង្សនៃកច្ចគោត្រ។
ID: 636830227131068725
ទៅកាន់ទំព័រ៖