ព្រះត្រៃបិដក ភាគ ២៤
[១៧៦] ម្នាលអានន្ទ លុះព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ប្រថាប់ក្នុងទីសមគួរហើយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ម្នាលអានន្ទ លំដាប់នោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ លុះព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏និមន្តព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ ម្នាលអានន្ទ គ្រានោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ទ្រង់ជ្រាបថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។ ម្នាលអានន្ទ កាលនោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ លុះកន្លងរាត្រីនោះ
ID: 636830235250703142
ទៅកាន់ទំព័រ៖