ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                អ្នកទាំងឡាយ ចូរនាំគ្នាទៅ អ្នកទាំងឡាយ ចូរដឹងនូវស្មៅ ក្នុងលំនៅនៃឃដិការស្មូនឆ្នាំងចុះ។ បពិត្រមហារាជ កាលដែលតថាគត បង្គាប់យ៉ាងនេះ ភិក្ខុទាំងនោះ ក៏បានតបមកនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្មៅក្នុងលំនៅនៃឃដិការស្មូនឆ្នាំង មិនមានទេ គាត់មានតែលំនៅ ដែលប្រក់ស្មៅប៉ុណ្ណោះ។ តថាគតតបថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរនាំគ្នាទៅរុះរើយកស្មៅ (ដែលប្រក់) ផ្ទះរបស់ឃដិការស្មូនឆ្នាំងមកចុះ។ បពិត្រមហារាជ គ្រានោះ ភិក្ខុទាំងនោះ ក៏នាំគ្នារុះរើស្មៅ (ដែលប្រក់) ផ្ទះរបស់ឃដិការស្មូនឆ្នាំង។ បពិត្រមហារាជ នៅវេលានោះ មាតាបិតារបស់ឃដិការស្មូនឆ្នាំង សួរភិក្ខុទាំងនោះ ដូច្នេះថា នរណារុះរើស្មៅ (ដែលប្រក់)ផ្ទះ។ ភិក្ខុទាំងឡាយតបថា ម្នាលនាង កុដិរបស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធលេចភ្លៀង។ មាតារបស់ឃដិការស្មូនឆ្នាំងទូលថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោកម្ចាស់ទាំងឡាយ នាំយកទៅចុះ បពិត្រលោកមានភក្ត្រដ៏ចំរើនទាំងឡាយ ចូរលោកម្ចាស់ទាំងឡាយ នាំយកទៅចុះ។ បពិត្រមហារាជ គ្រានោះ ឃដិការស្មូនឆ្នាំង ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរមាតាបិតាដូច្នេះថា នរណារុះរើយកស្មៅ ដែលប្រក់ផ្ទះ (អស់ទៅ)។
            
            
         
        
            
                ID: 636830238213772620 
                
            
            
                ទៅកាន់ទំព័រ៖