ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                ម្នាលវច្ឆៈ សម្ផប្បលាបៈ ជាអកុសល ការវៀរចាកសម្ផប្បលាបៈ ជាកុសល ម្នាលវច្ឆៈ អភិជ្ឈា ជាអកុសល អនភិជ្ឈា ជាកុសល ម្នាលវច្ឆៈ ព្យាបាទ ជាអកុសល ការមិនព្យាបាទ ជាកុសល ម្នាលវច្ឆៈ មិច្ឆាទិដ្ឋិ ជាអកុសល សម្មាទិដ្ឋិ ជាកុសល ម្នាលវច្ឆៈ ធម៌ទាំងអម្បាលនេះ ជាអកុសល១០ ជាកុសល១០ ដោយប្រការដូច្នេះឯង។ ម្នាលវច្ឆៈ កាលបើភិក្ខុបានលះបង់តណ្ហា បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេគាស់ក្របែលរំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ភិក្ខុនោះឈ្មោះថា ជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បាននៅចប់ហើយ មានកិច្ចដែលគួរធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនដល់សព្វគ្រប់ហើយ មានសំយោជនៈ ដែលប្រព្រឹត្តទៅក្នុងភពអស់ហើយ ជាអ្នកដឹងច្បាស់ដោយប្រពៃ ជាអ្នកមានចិត្តផុតស្រឡះចាកកិលេស។
            
            
         
        
            
                ID: 636830152008781976 
                
            
            
                ទៅកាន់ទំព័រ៖