ព្រះត្រៃបិដក ភាគ ២៤
ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។
[១៨៦] ទទួលចួនសម័យនោះឯង មានកុលបុត្រម្នាក់ ឈ្មោះរដ្ឋបាល ជាកូនរបស់អ្នកមានត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនោះឯង បានអង្គុយក្នុងបរិស័ទនោះដែរ។ គ្រានោះ រដ្ឋបាលកុលបុត្រ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានដឹងធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណាៗ តែព្រហ្មចរិយធម៌នេះ មិនមែនសម្រាប់បុគ្គលដែលនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យបរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗទេ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស។ ចំណែកពួកព្រាហ្មណ៍ និងគហបតី អ្នកថុល្លកោដ្ឋិតៈ ដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ បានត្រេកអរ រីករាយចំពោះភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។
ID: 636830240328133554
ទៅកាន់ទំព័រ៖