ព្រះត្រៃបិដក ភាគ ២៤
ដោយតាំងចិត្តថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស បើអ្នកទាំងឡាយ មិនយល់ព្រមឲ្យរដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសទេ រដ្ឋបាលកុលបុត្រ មុខជានឹងស្លាប់ ក្នុងទីនោះមិនខានឡើយ ពួកយើងខ្ញុំ យល់ថា បើអ្នកទាំងឡាយ យល់ព្រម ឲ្យរដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួស គង់តែនឹងបានឃើញរដ្ឋបាលកុលបុត្រ ដែលនៅជាអ្នកបួសតទៅ បើរដ្ឋបាលកុលបុត្រ មិនត្រេកអរ ក្នុងភេទជាអ្នកបួសហើយ រដ្ឋបាលកុលបុត្រនោះ នឹងមានគតិឃ្វាងទៅទៀត ដូចម្តេចបាន មុខជានឹងត្រឡប់មក ក្នុងទីនេះវិញមិនខាន សូមអ្នកទាំងឡាយ អនុញ្ញាតឲ្យរដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសចុះ។
[១៩២] មាតាបិតារបស់រដ្ឋបាលកុលបុត្រ និយាយថា នែអ្នកទាំងឡាយ យើងយល់ព្រមឲ្យរដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសហើយ តែថារដ្ឋបាលបួសរួចហើយ ត្រូវឲ្យមាតាបិតាបានឃើញផង។ លំដាប់នោះឯង ពួកសំឡាញ់របស់រដ្ឋបាលកុលបុត្រ ចូលទៅរករដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ និយាយនឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា មាតាបិតារបស់អ្នក យល់ព្រមឲ្យអ្នកចេញចាកផ្ទះ ទៅបួសហើយ តែថា បើអ្នកបួសរួចហើយ ត្រូវឲ្យមាតាបិតាបានឃើញផង។
ID: 636830242927342220
ទៅកាន់ទំព័រ៖