ព្រះត្រៃបិដក ភាគ ២៤
បិតារបស់ព្រះរដ្ឋបាលមានអាយុ បានឃើញព្រះរដ្ឋបាលមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា ពួកស្រមណ៍កំណោរទាំងនេះហើយ ដែលបំបួសកូនប្រុសតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង។ គ្រានោះឯង ព្រះរដ្ឋបាលមានអាយុ មិនបាននូវទាន ទាំងមិនបាននូវពាក្យប្រាប់មកវិញ ក្នុងលំនៅរបស់បិតានៃខ្លួនសោះ បានត្រឹមតែពាក្យជេរប៉ុណ្ណោះឯង។
[១៩៧] ទទួលចួនសម័យនោះឯង នាងទាសីរបស់ញាតិនៃរដ្ឋបាលមានអាយុ កំពុងមានបំណងនឹងចាក់ចោលនំកុម្មាសផ្អូម។ គ្រានោះ ព្រះរដ្ឋបាលមានអាយុ និយាយនឹងខ្ញុំស្រីរបស់ញាតិនោះ យ៉ាងនេះថា នែនាង បើនំនោះ ជារបស់ត្រូវចោល ចូរនាងចាក់មកក្នុងបាត្រអាត្មានេះចុះ។ លំដាប់នោះ ខ្ញុំស្រីរបស់ញាតិរបស់ព្រះរដ្ឋបាលមានអាយុ ក៏ចាក់នំកុម្មាសផ្អូមនោះ ទៅក្នុងបាត្ររបស់ព្រះរដ្ឋបាលមានអាយុ ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេង របស់ព្រះរដ្ឋបាលនោះច្បាស់។
ID: 636830244098249192
ទៅកាន់ទំព័រ៖